តម្លៃប្រេងឆៅធ្លាក់ថ្លៃ នៅព្រឹកនេះ
ការជួញដូរប្រេងឆៅនៅព្រឹកនេះបានធ្លាក់ថ្លៃ ស្របពេលដែលកំណើនប្រើប្រាស់ប្រេងមានកំណើនយឺត ប៉ុន្តែការកាត់បន្ថយការផលិតប្រេងរបស់អង្គការ OPEC បានជួយឲ្យតម្លៃប្រេងមានតុល្យភាព។
ទីផ្សារប្រេងឆៅរបស់អាមេរិក West Texas Intermediate ត្រូវបានជួញដូរក្នុងតម្លៃ ៥៦,៤៦ ដុល្លារក្នុងមួយបារ៉ែលនៅម៉ោង ៩ ព្រឹកនេះ ពោលគឺបានធ្លាក់ថ្លៃអស់ ១៣ សេន ឬស្មើនឹង ០,២% ពីតម្លៃបិទការជួញដូរចុងក្រោយ។ ចំណែកទីផ្សារប្រេងឆៅនៅលើទីផ្សារអន្តរជាតិវិញ ត្រូវបានជួញដូរក្នុងតម្លៃ ៦៥,៦០ ដុល្លារក្នុងមួយបារ៉ែល ឬធ្លាក់ថ្លៃអស់ ៧ សេន ស្មើនឹង០,១%។
បើទោះបីជាមានព័ត៌មានពីសុទិដ្ឋិនិយមនៃកិច្ចចរចាបញ្ចប់ជម្លោះពាណិជ្ជកម្មរវាងអាមេរិក និងចិនក៏ដោយ តម្រូវការប្រើប្រាស់ប្រេងឆៅហាក់មានកំណើនយឺតនៅឡើយស្របពេលដែលកំណើនសេដ្ឋកិច្ចសាកលលោកធ្លាក់ចុះជាពិសេសនៅតំបន់អាស៊ី និងអឺរ៉ុប។ ប៉ុន្តែគេសង្កេតឃើញថា អង្គការ OPEC កំពុងខិតខំ ប្រឹងប្រែងជាខ្លាំងដើម្បីទប់មិនឲ្យតម្លៃប្រេងធ្លាក់ថ្លៃទៀតចាប់តាំងពីដើមឆ្នាំ មក។
ការកាត់បន្ថយការផ្គត់ផ្គង់ប្រេងដែលដឹកនាំដោយអង្គការ OPEC ក៏ដូចជាការដាក់ទណ្ឌកម្មរបស់អាមេរិកប្រឆាំង ទៅនឹងសមាជិករបស់អង្គការនេះគឺអ៊ីរ៉ង់ និងវេណេហ្ស៊ុយអេឡាបានកើតឡើងស្របពេលដែលទិន្នផលប្រេងឆៅរបស់អាមេរិកបានកើនឡើងដល់កំណត់ត្រាថ្មីក្នុងចំនួនជាង ២ លានបារ៉ែលក្នុងមួយថ្ងៃចាប់តាំងពីដើមឆ្នាំ ២០១៨ មក និងខ្ពស់ជាង ចំនួន ១២ លានបារ៉ែលជាលើកដំបូងនៅក្នុងខែកុម្ភៈកន្លងទៅ៕
ប្រភព៖ cnbc