ដុល្លារឡើងថ្លៃទៀតព្រឹកនេះ
ស្ថានភាពជួញដូរប្រាក់ដុល្លារនៅព្រឹកនេះត្រូវបានគេមើលឃើញថា កំពុងមានសញ្ញាណល្អជាថ្មីទៀតបន្ទាប់ពីបានឡើងថ្លៃដល់តម្លៃខ្ពស់បំផុតមួយមិនធ្លាប់មានជិត ២សប្តាហ៍កន្លងទៅនេះបើធៀបទៅនឹងរូបិយប័ណ្ណនានា ខណៈដែលប្រាក់អឺរ៉ូបានធ្លាក់ថ្លៃនៅមុនពេលកិច្ចប្រជុំធនាគារកណ្តាលអឺរ៉ុបចាប់ផ្តើមធ្វើ ឡើងនៅពេលឆាប់ៗខាងមុខនេះ។
ប្រាក់ដុល្លារឡើងថ្លៃដោយសារតែមានការគាំទ្រពីការឡើងថ្លៃនៃអត្រាការប្រាក់នៃមូលបត្របំណុលអាមេរិក និងទិន្នន័យវិជ្ជមាននៃ GDP របស់ខ្លួននៅត្រីមាសទី៤ឆ្នាំ ២០១៨ កន្លងទៅដែលនេះបានផ្តល់ភាពកក់ក្តៅឡើងវិញដល់អ្នកជួញដូរ។ ចំណែកប្រាក់អឺរ៉ូធ្លាក់ថ្លៃដោយសារតែគេមើលឃើញថា ធនាគារកណ្តាលតំបន់នេះកំពុងប្រឈមមុខទៅនឹងសម្ពាធដែលថា ខ្លួនគ្មានយន្តការប្រសិទ្ធភាពណាមួយដើម្បីដោះស្រាយបញ្ហាធ្លាក់ចុះសេដ្ឋកិច្ចនោះឡើយ។
នៅព្រឹកនេះសន្ទស្សន៍តម្លៃប្រាក់ដុល្លារធៀបទៅនឹងរូបិយប័ណ្ណនានាស្ថិតនៅទីតាំងតម្លៃ ៩៦,៦៦៨ ចុចបន្ទាប់ពីបានឡើងថ្លៃម្តងរួចមកហើយដល់ទីតាំង ៩៦,៨១៦ ចុចកាលពីថ្ងៃច័ន្ទម្សិលមិញដែលជាតម្លៃខ្ពស់បំផុតមួយមិនធ្លាប់មានគិតចាប់តាំងពីថ្ងៃ ទី ១៩ កុម្ភៈមក។ ចំណែកប្រាក់អឺរ៉ូវិញមានការប្រែប្រួលតិចតួច ត្រូវបានជួញដូរក្នុងតម្លៃ ១,១៣៣៧ ដុល្លារបន្ទាប់ពីបានធ្លាក់ថ្លៃអស់០,២៥% កាលពីម្សិលមិញ មកកាន់តម្លៃ ១,១៣០៩ ដុល្លារ។
យ៉ាងណាមិញបើធៀបទៅនឹងលុយយ៉េនរបស់ជប៉ុន ប្រាក់ដុល្លារមិនមានការប្រែប្រួលខ្លាំងនោះឡើយ ពោលគឺត្រូវបានជួញដូរក្នុងតម្លៃ ១១១,៨១ យ៉េនក្នុងមួយដុល្លារបន្ទាប់បីបានធ្លាក់ថ្លៃអស់ ០,១៥% កាល ពីម្សិលមិញ។ រីឯប្រាក់ដុល្លារអូស្ត្រាលីវិញក៏មិនមានការប្រែប្រួលខ្លាំងដែរដោយត្រូវបានជួញដូរក្នុងតម្លៃ ០,៧០៨៩ ដុល្លារ៕
ប្រភព៖ cnbc